ouchheng

សិស្សឆ្នើមនិទេស A ប្រចាំឆ្នាំ 2010

Picture
ស្តាប់បទសម្ភាស

នៅ​ក្នុង​ចំណោម​សិស្ស​ជាង៨ម៉ឺននាក់ដែល​ប្រឡង​ជាប់​បាក់ឌុប​នៅ​ឆ្នាំ​២០១០​នេះ កញ្ញា តោ គឹមស៊ី គឺ​ជា​សិស្ស​តែ​ម្នាក់​គត់​ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ​បង្អស់​នៅ​ទូទាំង​ប្រទេស។  កញ្ញា តោ គឹមស៊ី មាន​វ័យ ១៨​ឆ្នាំ សិក្សា​នៅ​វិទ្យាល័យ ១០ មករា ក្រុង​សៀមរាប ខេត្ត​សៀមរាប។ កត្តា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​សិស្ស​វ័យ ១៨​ឆ្នាំ​រូប​នេះ​ទទួល​បាន​និទ្ទេស A គឺ​ដោយ​ការ​ខិតខំ​រៀន​សូត្រ គ្រូ​មាន​ចំណេះ​ដឹង
ពូកែ​ក្នុង​មុខ​វិជ្ជា​នីមួយៗ ហើយ​ព្រម​ទាំង​មាន​ការ​ជំរុញ​ពី​ក្រុម​គ្រួសារ​របស់​នាង​ផង​ដែរ។

ដើម្បី​ក្លាយ​ជា​សិស្ស​ពូកែ​ម្នាក់ តោ គឹមស៊ី ចំណាយ​ពេល​ជាង ១០​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​រៀន​សូត្រ។ យុវតី​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា នាង​ចំណាយ​ពេល​ភាគ​ច្រើន​លើ​ការ​សិក្សា និង​ចំណាយ​ពេល​តិចតួច​សម្រាប់​កម្សាន្ត​ខ្លះ​ៗ​ប៉ុណ្ណោះ។

ជា​សិស្ស​ម្នាក់​នៃ​វិទ្យាល័យ ១០ មករា តោ គឹមស៊ី ចំណាយ​ពេល ៧​ម៉ោង​សម្រាប់​រៀន​គួរ​បន្ថែម និង ៤​ម៉ោង​ទៀត រៀន​នៅ​សាលា។          មុខវិជ្ជា​ដែល​នាង​រៀន​បន្ថែម​មាន​ចំនួន ៥​មុខ ដែល​មាន​ដូចជា គណិតវិទ្យា​ចំនួន​ពីរ​ម៉ោង  ដោយ​ត្រូវ​សិក្សា​ជាមួយ​គ្រូ​ពីរ​នាក់​ផ្សេង​គ្នា  គីមីវិទ្យា​ចំនួន​ពីរ​ម៉ោង​ដែរ
ដោយ​នាង​ក៏​ត្រូវ​រៀន​ជាមួយ​គ្រូ​ពីរ​នាក់​ផ្សេង​គ្នា​ទៀត​ដែរ។ ក្រៅ​ពី​នេះ មាន​ដូច​ជា​រូបវិទ្យា​ចំនួន ១​ម៉ោង ភាសា​ខ្មែរ​ចំនួន ១​ម៉ោង និង​ជីវវិទ្យា​ចំនួន ១​ម៉ោង​ទៀត។ ជា​សរុប​នៅ​ក្នុង​រយៈ​ពេល ២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ នាង​បាន​ចំណាយ​ពេល ១១​ម៉ោង ដើម្បី​រៀន​សូត្រ​រួច​ទៅ​ហើយ។ ក្រៅ​ពី​មុខ​វិជ្ជា​ទាំង​នេះ តោ គឹមស៊ី ក៏​ចំណាយ​ពេល​ទន្ទេញ​មេរៀន​ជា​ច្រើន​ទៀត ដែល​មាន​ដូចជា​ប្រវត្តិវិទ្យា ភូមិវិទ្យា ផែនដី និង​សីលធម៌​ជាដើម។

នាង​ពន្យល់​ពី​មូលហេតុ​ដែល​នាង​ខិតខំ​រៀន​គួរ​បន្ថែម​ថា ដោយសារ​តែ​ការ​សិក្សា​នៅ​សាលា​ក្នុង
ម៉ោងរដ្ឋ​នោះ​គឺ​មិន​គ្រប់គ្រាន់​ឡើយ ដើម្បី​នាង​មាន​សមត្ថភាព​ពេញ​លេញ​ពេល​ទៅ​ប្រឡង។

ដោយ​ចាប់​កំណើត​នៅ​លើ​ទឹក​ដី​ខែត្រ​សៀមរាប តោ គឹមស៊ី គឺ​ជា​កូន​ទី​៤ នៅ​ក្នុង​ចំណោម​បង​ប្អូន ៦​នាក់។ ក្រុម​គ្រួសារ​នាង​រស់​នៅ​ក្នុង​ផ្ទះ​ល្វែង​មួយ​ក្បែរ​ផ្សារ​ចាស់ ក្នុង​ភូមិ​មណ្ឌល១ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប។ អតីតកាល​ពី​វ័យ​កុមារ តោ គឹមស៊ី បាន​ចូល​រៀន​នៅ​បឋមសិក្សា​ភូមិ​ស្ទឹងថ្មី បន្ទាប់​មក​នៅ​អនុវិទ្យាល័យ​អង្គរ។        នាង​គឺ​ជា​កូន​អ្នក​រក​ទទួល​ទាន​ខាង​ដូរ​ប្រាក់​នៅ​ក្បែរ​ផ្សារ​ចាស់ ក្រុង​សៀមរាប។ ឪពុក​ម្ដាយ តោ គឹមស៊ី បាន​គិតគូរ​ចំពោះ​អនាគត​កូន​ខុស​ពី​គ្រួសារ​ដទៃ​ទៀត ដែល​តែង​ព្យាយាម​ជំរុញ​កូន​ឲ្យ​ងាក​មក​ជួយ​របរ​ជំនួញ​ឪពុក​ម្ដាយ។

ឪពុក តោ គឹមស៊ី គឺ​លោក តោ ហុង ពន្យល់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​គាត់​លើ​ទឹក​ចិត្ត​កូន​ឲ្យ​ខិតខំ​រៀន​សូត្រ​ដូច្នេះ​ថា ដោយសារ​តែ​កន្លង​មក​គាត់​ធ្លាប់​បាន​ឲ្យ​កូនស្រី​ច្បង​ម្នាក់​ឈប់​រៀន ដើម្បី​ជួយ​ខាង​ផ្នែក​របរ​ប្ដូរ​ប្រាក់​របស់​គាត់។  លោក​ថ្លែង​បន្ត​ថា       ក្រោយ​មក​គាត់​មាន​ការ​ស្ដាយ​ក្រោយ​ជា​ខ្លាំង ដោយសារ​តែ​ចាប់​តាំង​ពី​បញ្ឈប់​កូនស្រី​ឲ្យ​ឈប់​រៀន​មក កូនស្រី​នោះ​មិន​មាន​ចំណេះ​អ្វី​មាំទាំ​ជា​ទ្រព្យ​សម្រាប់​ចិញ្ចឹម​ជីវិត​ត​ទៅ​ថ្ងៃ​ក្រោយ ក្រៅ​តែ​អំពី​ការ​អង្គុយ​លក់​ដូរ​មុខ​ផ្ទះ​ប៉ុណ្ណោះ។

លោក តោ ហុង បន្ថែម​ថា វា​ជា​ការ​ខុស​ឆ្គង​មួយ​ដែល​គាត់​មិន​ឲ្យ​កូន​ស្រី​ច្បង​បាន​រៀន​សូត្រ​ដូច្នេះ។ គាត់​ថ្លែង​បន្ត​ថា មាន​តែ​ការ​សិក្សា​រៀន​សូត្រ​ទេ ទើប​អាច​ជា​ទ្រព្យ​ពិត​ប្រាកដ​ជាប់​នឹង​ខ្លួន​កូន​គាត់​អស់​មួយ​ជីវិត​តែម្ដង។

តោ គឹមស៊ី ឲ្យ​ដឹង​ថា ទោះ​បី​ជា​ពេល​ខ្លះ​ឪពុក​ម្ដាយ​នាង​មាន​ការ​មមាញឹក​នៅ​ក្នុង​របរ​នេះ​ក៏ដោយ ក៏​គាត់​មិន​ដែល​ចង់​ឲ្យ​នាង​ឈប់​រៀន​មក​ជួយ​ការងារ​ឪពុក​ម្ដាយ​នាង​ឡើយ ៖ «...នៅ​ក្នុង​វ័យ​នេះ​យើង​មិន​ចាំ​បាច់​សង្វាត​តែ​រឿង​លុយ​ទេ យើង​ត្រូវ​សង្វាត​ការ​សិក្សា បើ​ជោគជ័យ​ក្នុង​ការ​សិក្សា នៅ​ថ្ងៃ​ក្រោយ​យើង​គង់​នឹង​មាន​អនាគត​ល្អ»។

នៅ​ក្នុង​លទ្ធផល​ប្រឡង​បញ្ចប់​ថ្នាក់​បាក់​ឌុប តោ គឹមស៊ី ទទួល​បាន​និទ្ទេស​ល្អ​ដាច់​គេ​លើ​មុខ​វិជ្ជា​គណិតវិទ្យា ដោយសារ​តែ​ហេតុនេះ​ហើយ   ទើប​នាង​ទទួល​បាន​អាហារូបករណ៍​ភ្លាម​ពី​សាកល​វិទ្យាល័យ​មួយ​នៅ​ប្រទេស​អាល្លឺម៉ង់

សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ ខេមរៈ លោក សុខ ទូច ឲ្យ​ដឹង​ថា តាម​រយៈ​ការ​ទំនាក់ទំនង​របស់​លោក​ជាមួយ​នឹង​សាកលវិទ្យាល័យ​នៅ​អាល្លឺម៉ង់​នោះ តោ គឹមស៊ី          នឹង​ត្រូវ​ទៅ​សិក្សា​នៅ​ប្រទេស​អាល្លឺម៉ង់ ចាប់​ពី​ថ្នាក់​បរិញ្ញាបត្រ​រហូត​ដល់​បញ្ចប់​ថ្នាក់​បណ្ឌិត​ផ្នែក​គណិតវិទ្យា​នៅ​ទីនោះ។

លោក សុខ ទូច មាន​ប្រសាសន៍​ដូច្នេះ ៖ «គាត់​មាន​សិទ្ធិ​ជ្រើសរើស​សកលវិទ្យាល័យ​នៅ​កម្ពុជា ប៉ុន្តែ​យើង​ដឹង​ហើយ​ថា មនុស្ស​ដែល​មាន​ឱកាស និង​ភាព​លូតលាស់​បាន​ល្អ យើង​គួរ​តែ​ឲ្យ​គាត់​ទៅ​មើល​នៅ​ពិភព​ថ្មី ពិភព​ក្រៅ ដើម្បី​ឲ្យ​គាត់​យក​ចំណេះ​ដឹង​មក​អភិវឌ្ឍ​ប្រទេស​ជាតិ​យើង។     យើង​ជួយ​នេះ​ដើម្បី​បណ្ដុះ​អ្នក​ដែល​មាន​សមត្ថភាព     យើង​ត្រូវ​បើក​បេះ​ដូង​ទូលាយ   ផ្ដល់​ឱកាស​ទៅ​ដល់​យុវជន​សម័យ​ថ្មី...»។

ក្រៅ​ពី​ចំណេះ​ទូទៅ តោ គឹមស៊ី ក៏​អាច​និយាយ និង​ប្រើប្រាស់​ភាសា​អង់គ្លេស និង​បារាំង បាន​ល្អ​ផង​ដែរ។ ចំពោះ​ភាសា​ថៃ​វិញ នាង​ក៏​អាច​ប្រើការ​បាន​មួយ​ចំនួន​ដែរ។

តោ គឹមស៊ី តាំង​ចិត្ត​ថា នៅ​ពេល​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត​ត្រឡប់​មក​វិញ នាង​នឹង​យក​ចំណេះ​ដឹង​ទាំង​នេះ ដើម្បី​ចែក​ចាយ​ទៅ​ដល់​អ្នក​ជំនាន់​ក្រោយ​បន្ត​ទៀត ដោយ​នាង​ចង់​ក្លាយ​ជា​គ្រូ​បង្រៀន​ម្នាក់​នៅ​សាកលវិទ្យាល័យ​ណា​មួយ​ក្នុង​ប្រទេស​កម្ពុជា នៅ​ពេល​ខាង​មុខ៕Copyright © 1998-2010 Radio Free Asia. All rights reserved.

​ខណ្ឌ​ទាំង​៨​ក្នុង​រាជធានី​ភ្នំពេញ​ចាប់ផ្តើម​អនុវត្ត​ត្រួតពិនិត្យ​ជាតិ​អា​កុ​ហល

ភ្នំពេញ: ​ការត្រួតពិនិត្យ​អ្នកបើកបរ​មាន​ជាតិ​អា​កុ​ហល លើស​កំណត់​(​ស្រវឹងស្រា​)​ដល់​ថ្នាក់​ខណ្ឌ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ បានចាប់ផ្តើម តែ​ធ្វើ​មិនទាន់បាន​គ្រប់​ខណ្ឌ​ទាំង​៨ នៅឡើយ​ទេ​ហើយ​នៅក្នុង​ការត្រួតពិនិត្យ​កាលពី​ព្រលប់​ថ្ងៃ​២១ តុលា លើ​រថយន្ត​ចំនួន ៧៧​គ្រឿង គេ​បាន​រកឃើញ​អ្នកមាន​ជាតិ​អា​កុ​ហល​លើស​កំណត់ មាន​ចំនួន​តិចតួច​ណាស់ ហើយ​ភាគច្រើន​នៃ​អ្នកបើកបរ​ទាំងនោះ​បាន​ឆ្លើយថា បាន​យល់ដឹង​អំពី​ច្បាប់​ចរាចរណ៍​ស្តីពី​គ្រឿង​ស្រវឹង​រួចហើយ​។​

​    ​លោក​ហេង ចាន់​ធា​រី ប្រធាន​កា​រិ​យា​ល​យ័​នគរបាល​ចរាចរជើងគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​និយាយ​ឱ្យដឹង​នៅ​ថ្ងៃទី​២២ តុលា ឆ្នាំ​២០១០​នេះ​ថា ម៉ាស៊ីន​ត្រួតពិនិត្យ​ជាតិ​អា​កុ​ហល ត្រូវបាន​ប្រគល់​ឱ្យដល់​គ្រប់​ខណ្ឌ​ទាំង​៨​រួចហើយ តែ​ការត្រួតពិនិត្យ​នៅ​មិនទាន់បាន​អនុវត្ត​គ្រប់​ខណ្ឌ​នៅឡើយ​ទេ ។ យើង​កំពុងតែ​ឱ្យ​នគរបាល​ចរាចរ នៅតាម​ខណ្ឌ​ធ្វើ​ផែនការ​ត្រួតពិនិត្យ​ប្រចាំខែ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ឱ្យបាន​ព្រម​គ្នា​។​

​    ​លោក​ចេ​វ ហាក់ អនុប្រធាន​ក​រិ​យា​ល​យ័​នគរបាល​ចរាចរជើងគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដែលជា​អ្នកដឹកនាំ​ការត្រួតពិនិត្យ បាន​និយាយ​ឱ្យដឹង​នៅ​ថ្ងៃទី​២២ តុលា ឆ្នាំ​២០១០​នេះដែរ​ថា ការត្រួតពិនិត្យ​ជាតិ​អា​កុ​ហល ដោយ​នគរបាល​ខណ្ឌ​ទើបតែ​បាន​អនុវត្ត​នៅ​ខណ្ឌចំការមន​មួយ​ទេ ខណ្ឌ​ផ្សេងទៀត​មិនទាន់​បានធ្វើ​ទេ តែ​គេ​បានធ្វើ​ផែនការ​រួចហើយ​អំពី​គោលដៅ និង​ពេលវេលា​ដែល​ត្រូវអនុវត្ត​នោះ​។​

​     ឧបករណ៍​ត្រួតពិនិត្យ​ជាតិ​អា​កុ​ហល​ចំនួន​២៥ ត្រូវបាន​គេ​ប្រគល់ឱ្យ​នគរបាល​ខេត្តកំពង់ស្ពឺ​៥​គ្រឿង ខេត្តកណ្តាល ៧​គ្រឿង​និង​ខណ្ឌ​ទាំង​៨ របស់​រាជធានី​ភ្នំពេញ​សម្រាប់​ខណ្ឌ​នីមួយៗ​ទទួលបាន ១​គ្រឿង​។​ឧបករណ៍​ត្រួតពិនិត្យ​ជាតិ​អា​កុ​ហល​ដែល​នគរបាល​ចរាចរ​ណ៍ទ​ទួលបាន​សម្រាប់​យក​ធ្វើការ​ត្រួតពិនិត្យ​នេះ​មាន​៣​ដំណាក់កាល​សំខាន់​ក្នុងពេល​ធ្វើការ​ត្រួតពិនិត្យ​។ ឧបករណ៍​នេះ​វា​នឹង​ប្រាប់​ពី​អ្នកមាន​ជាតិ​អា​កុ​ហល​ពេលដែល​អ្នក​ត្រួតពិនិត្យបាន​ដាក់​វា​ចំ​ពីមុខ​អ្នក​ដែល​នគរបាល​ត្រូវ​ត្រួតពិនិត្យ ដោយ​រាប់​ពី​១​ដល់​១០ បើ​អ្នក​ត្រូវ​ត្រួតពិនិត្យ​នោះ​មាន​ជាតិ​អា​កុ​ហល​ឧបករណ៍​នោះ​វា​នឹង​បង្ហាញ​ប្រាប់​ហើយ​អ្នកត្រួតពិនិត្យ​(​នគរបាល​)​ត្រូវធ្វើ​ការងារ​បន្ត ដោយ​តម្រូវឱ្យ​អ្នក​ដែល​ត្រូវ​ត្រួតពិនិត្យ​នោះ​ផ្លុំ​ឧបករណ៍​វាស់​ជាតិ​អា​កុ​ហល​(​បំពុង​ផ្លុំ​ប្រើ​តែម្តង​បោះចោល​) នៅពេល​បន្ទាប់ពី​ផ្លុំ​ហើយ គឺ​នគរបាល​ព្រី​ន​(​បោះពុម្ព​)​លទ្ធផល​ចេញពី​ម៉ាស៊ីន​ត្រួតពិនិត្យ​ដើម្បី​ទុកជា​វត្ថុតាង​និង​សរសេរ​ប​ញ្ជូ​ល​ទៅក្នុង​សំណុំរឿង​ត្រួតពិនិត្យ​។​

​    ​តាមច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែល​កំពុង​អនុវត្ត​ត្រង់​មាត្រា​៩​ចែងថា​គ្រប់​អ្នកបើកបរ​យាន​គ្រប់​ប្រភេទ​ត្រូវបាន​ហាម​ពិសា​ជាតិ​ស្រវឹង​ដែលមាន​អត្រា​ជាតិ​អា​កុ​ហល​ចាប់ពី​០.២៥​មី​លី​ក្រាម​ក្នុង​១​លីត្រ​ខ្យល់ ឬ​ចាប់ពី​០.៥​ក្រាម​ក្នុង​១​លីត្រ​ឈាម​ឡើងទៅ​។ នៅត្រង់​មាត្រា​៧៦​ចែងថា ជន​ណា​បើកបរ​យានជំនិះ​នៅពេលដែល​ខ្លួន​ស្ថិតនៅក្នុង​ស្ថានភាព​ស្រវឹង ដោយមាន​ជាតិ​អា​កុ​ហល​ចាប់ពី​០.៤០​មី​លី​ក្រាម ក្នុង​១​លីត្រ​ខ្យល់ ឬ​ចាប់ពី​០.៨​ក្រាម​ក្នុង​១​លីត្រ​ឈាម​ឡើងទៅ​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ៦​ថ្ងៃ​ទៅ ៦​ខែ ឬ​និង ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​២៥​ពាន់​រៀល​ទៅ ១​លាន​រៀល​។ នៅត្រង់​មាត្រា ៨២​ចែងថា ជន​ណា​បើកបរ​ដោយ​បង្ក​ឱ្យស្លាប់​ដល់​អ្នកដទៃ ដោយ​អ​ចេតនា ត្រូវ​ផ្តន្ទាទោស​ដាក់​ព​ន្ធ័​នាគារ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ  ឬ​និង ផ្តន្ទាទោស​ពិន​យ័​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ​៦​លាន​រៀល​។ ត្រូវ​ផ្តន្ទាទោស​ដល់​កម្រិត​អតិបរិមា​ក្នុងករណី​ដែល​ការប្រព្រឹត្ត​បទល្មើស​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ដែលមាន​អត្រា​ជាតិ​អា​កុ​ហល​ចាប់ពី​០.៤០​មី​លី​ក្រាម​ក្នុង​១​លីត្រ​ខ្យល់​ឬ​ចាប់ពី​០.៨០​ក្រាម​ក្នុង​១​លីត្រ​ឈាម​ឡើងទៅ ៕
ពី http://www.cen.com.kh

អាជ្ញាធរ​កម្ពុជា និង​ថៃ ពិភាក្សា​គ្នា​អំពី​កិច្ចការ​បើក​ច្រក​ព្រំដែន​ថ្មដា​នៅ​ខេត្ត​ពោធិ៍សាត់

ពោធិ៍សាត់ ៖ អាជ្ញាធរ​កម្ពុជា និង​អាជ្ញាធរ​ថៃ បាន​បើក​កិច្ច​ប្រជុំ​មួយ​ពិភាក្សា​អំពី​ការ​បើក​ច្រក ព្រំដែន​ថ្ម​ដា ស្ថិត​នៅ​ក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​ត្រាត ប្រទេស​ថៃ។

ការ​ពិភាក្សា​នោះ​ផ្ដោត​ជា​សំខាន់​លើ​ការ​បើក​ច្រក​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ តាម​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេជោ ហ៊ុន សែន។

 

លោក​ឆេ ឈីវ អភិបាល​ស្រុក​វាលវែង និង​លោក​កែវ ចាន់ថន តំណាង​ក្រុមហ៊ុនMDS ព្រម ទាំង​មេ​បញ្ជាការ​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៨២៥ ប្រចាំ​ឃុំ​ថ្មដា បាន​ដឹក​នាំ​គណៈប្រតិភូ​ទៅ​ទំនាក់ ទំនង​ការងារ​បើក​ច្រក​ព្រំដែន ជាមួយ​លោក​ប្រាក់ធីប ជុងស៊ីបថាំ អភិបាល​រង​ខេត្ត​ត្រាត នៃ​ប្រទេស ថៃ ដើម្បី​ធ្វើ​ផ្លូវ​ចូល​ទៅ​ប្រទេស​ថៃ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។

លោក​កែវ ចាន់ថន តំណាង​ក្រុមហ៊ុនMDS បាន​ប្រាប់​កម្ពុជា​ថ្មី​ថា ការ​ធ្វើ​ទំនាក់ទំនង​នេះ​គឺ​ធ្វើ ឡើង​នៅ​ខេត្ត​ត្រាត ប្រទេស​ថៃ។ លោក​ថា ភាគី​ថៃ​មិន​ជំទាស់​ទៅ​នឹង​ការ​ស្នើ​សុំ​របស់​ភាគី​កម្ពុជា​នោះ ទេ ហើយ​បាន​ឲ្យ​ប្រតិភូ​ថៃ​ចូល​មក​សិក្សា​ផ្លូវ​នៅ​តំបន់​មាត់​ច្រក​តាម​ព្រំដែន​ជាមួយ​យើង​ទៀត​ផង។ ចំណែក​ឯ​ខាង​មន្ទីរ​ឧស្សាហកម្ម​ថៃ បាន​និយាយ​ថា កសិផល ដំណាំ​គ្រប់​ប្រភេទ ដែល​ខ្មែរ​ដាំ​បាន អាច​ដោះ​ដូរ​គ្នា​ លក់​តាម​ទីផ្សារ​ទៅ​វិញ​ទៅ​មក ហើយ​បើ​ប្រជាកសិករ​ខ្មែរ​ខ្វះ​ពូជ​ដំណាំ ខាង​ភាគី ថៃ​អាច​ផ្ដល់​ពូជ​ឲ្យ​ថែម​ទៀត​ផង។

លោក​ឆេ ឈីវ បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ខាង​ភាគី​ថៃ​បាន​ទទួល​យក​សំណើ​ម្ដង​រួច​មក​ហើយ ប៉ុន្តែ​ខាង​ភាគី​កម្ពុជា​បាន​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ដោយ​សារ​មាន​បញ្ហា​ខ្លះ​ៗ​មិន​ទាន់​ដោះ​ស្រាយ ទើប តែ​នៅ​ថ្ងៃ​ទី​១៧ រហូត​ដល់​ថ្ងៃ​ទី​១៩ ខែ​តុលា​នេះ មាន​ការ​ពិភាក្សា​គ្នា​អំពី​បញ្ហា​បើក​ច្រក​ព្រំដែន ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា-ថៃ។ លោក​ថា នឹង​យក​លទ្ធផល​នៃ​កិច្ច​ពិភាក្សា​គ្នា​នេះ​ជូន ថ្នាក់​ដឹក​នាំ​ដើម្បី​ពិនិត្យ៕
ប្រភព http://www.kampucheathmey.com