ouchheng
អ្នករៀនដើម្បីជាតិ

ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា

 

ហៃកុមារា

ចូរខំនាំគ្នា

រៀនអក្សរសាស្រ្ត

ចូរកុំរត់លេង

ត្រូវនឹកអៀនខ្មាស

ហាត់អានឲ្យច្បាស់

សរសេរឲ្យត្រូវ ។

រៀនសូត្រឲ្យចេះ

អស់អាថ៌ចំណេះ

កុំឲ្យសត្រូវ

ញាំញីលើក្បាល

ចិរកាលតទៅ

នាំឲ្យអាស្រូវ

ថោកដល់ជាតិទៀត ។

រដ្ឋខ្មែរតូចណាស់

ចូរប្រែក្រឡាស់

រិះរេរកស្នៀត

កុំនៅឡែឡ

ខាតពេលបង់សៀត

នាងអើយខំឆ្លៀត

ទាន់នាងនៅក្មេង ។

ចូរនាងជឿថា

រដ្ឋនឹងថ្លៃថ្លា

ដោយសារនាងឯង

ដែលខំស្វាធ្យា

ដើម្បីចាត់ចែង

តាំងផ្ទះសម្បែង

ឲ្យល្អដូចគេ ។

ន. មោ . ក.ខ

ហាត់អានឲ្យល្អ

កុំនៅទំនេរ

ដីសខ្មៅដៃ

ព្យាយាមសរសេរ

កុំចាំគ្រូជេរ

រៀនសោះគេថា ។

កុំដូចមនុស្សខ្វាក់

តាមកែគេញាក់

ឆ្វេងស្ដាំតាមការ

ពួកជនបែបនេះ

មានក្នុងតម្រា

ថានាំអាត្មា

ទៅរកក្ដីទុក្ខ ។

១.២៣.៤

បូកសងតាមក្បួន

គុណចែកតាមមុខ

កុំធ្វេសប្រហែល

ខំឡើងគ្រប់ស្រុក

ទើបរដ្ឋបានសុខ

រស់រានក្សេមក្សាន្ត ។

អនាគតគឺអ្នក

ដូច្នេះត្រូវស្មគ្រ

កុំទំរន់ប្រាណ

នឿយហត់កុំត្អូញ

យកចេះឲ្យបាន

ខ្លួននាងថ្កើងថ្កាន

ពីព្រោះនឿយមុន ។

ខំគូរសំគូរ

អស់ទាំងគំនូរ

ធ្ងន់ស្រាលខំពុន

ចំណេះនេះហើយ

ដែលនាំនូវគុណ

បុណ្យសក្តិទ្រព្យធន

ដល់ជាតិដល់អ្នក ។

ជំនួញជួញប្រែ

ជាតិគេធ្វើតែ

បន្លំលួចលាក់

បិទភ្នែកខ្មែរស៊ី

ព្រោះជាតិខ្មែរខ្វាក់

នាងអើយគួរភ្ញាក់

ខំរុលទៅមុខ ។

រៀនដើម្បីអ្វី

ដើម្បីទឹកដី

ចូរចងចាំទុក

រដ្ឋកម្ពុជា

កេរិ៍ម៉ែឪពុក

សាងបានជាស្រុក

ដោយសារសាច់ឈាម ។

បើជាតិត្រូវការ

នាងកុំសាវ៉ា

ថយក្រោយទីមទាម

ស្ទុះស្មគ្របំរើ

ឲ្យទាន់ពេលភ្លាម

នោះទើបបដល់ពាម

គឺសុខសប្បាយ ។

ទោះរស់ទោះស្លាប់

ស្រីប្រុសប្រញ៉ាប់

ត្រូវបូជាកាយ

ដល់មាតុភូមិ

កុំបីនឿយណាយ

ជីវិតកុំស្ដាយ

ស្ដាយត្រង់តែជាតិ ។

បើសត្រូវជិះជាន់

ព្រួតតកុំគ្រាន់

វាយវាឲ្យឃ្លាត

កុំដេកផ្សងព្រេង

ត្រូវវាយឲ្យព្រាត់

វាយឲ្យខ្ទាយខ្ទាត់

ចាកពីទឹកដី ។

ត្រូវប្ដូរជីវិត

ស្លាប់រស់កុំគិត

ណានាងប្រុសស្រី

រស់នៅខ្ញុំគេ

មិនប្រសើរអី

ស្លាប់ព្រោះបូរី

ជយោស្លាប់ចុះ ។

បើនាងបណ្ដោយ

ដល់ទៅថ្ងៃក្រោយ

គ្មានបញ្ញាឆ្លុះ

ព្រោះខ្ជិលពុំរៀន

គំនិតតុញតុះ

ដល់ដឹងថាខុស

ចាស់ជ្រុលទៅហើយ ។

ពេលកន្លងទៅ

អ្នកនាងស្រែហៅ

ពុំវិលវិញឡើយ

នៅក្មេងត្រូវប្រឹង

កុំធ្វើព្រងើយ

នែអ្នកនាងអើយ

មកទៅ ! មកទៅ !

មកទៅសាលា

នាងកណ្ដៀតក្ដារ

ក្រាបលាម៉ែឪ

បបួលមិត្តភក្តិ

កុំគិតកាក់នៅ

ខំរៀនណាពៅ

អ្នកនាងកូនខ្មែរ ។

ម៉ែឪសប្បាយ

ចិត្តលោកខ្វល់ខ្វាយ

ខិតខំធ្វើស្រែ

នាងសង្វាតរៀន

ឲ្យបានពូកែ

កុំយំឡែឡែ

ខ្មាស់ជាតិជិតខាង ។

គុណគ្រូត្រូវស្គាល់

យប់ថ្ងៃនាងគាល់

ផ្ទិតផ្ទង់សំអាង

គឺគ្រូនេះហើយ

ដែលជួយកសាង

វាសនាសំណាង

ឲ្យនាងរាល់គ្នា ។

ចូរនាងចងចាំ

អស់ទាំងបណ្ដាំ

ខាងលើនេះណា

ព្រឹកស្អែកត្រៀមខ្លួន

ចេញចរយាត្រា

ឆ្ពោះទៅសាលា

ខំសិក្សាអឺយ ។

 



បណ្តាំពាលី

ដោយសព្វវចនាធិប្បាយសេរីវិគីភី
បណ្តាំពាលីត្រូវបានតែង​ជា​ពាក្យ​កាព្យដោយហ្មឺនមាសគឺ​ឲកញ៉ាវិបុល​រាជ​សេនា (មាស )។​ បណ្តាំពាលីមានខ្លឹមសារដូច​តទៅ៖

បណ្តាំពាលី

សូម​សំដែង​សារ​ស័ព្ទ​ច្បាប់​សេយ្យ​ភេទ

នៃ​ចមពង្សពាន​រេត​រឿង​ស្នាម

ក្លៀវក្លា​ក្លែង​ស្ទែង​ស្ទាត់​បទ​សង្រ្គាម

ទ្រង់​ព្រះ​នាម​រាជា​ឈ្មោះ​ពាលី ។

ជា​បុត្រ​អង្គ​អម្រិន្ទ​ពិន​លោកិយ

គ្រង​ខាសខិម​បុរី​រាជ​ធានី

ល្បីល្បះ​គ្រប់​ភព​ផែន​ដែន​បឋវី

សព្វ​ទិស​ទី​ទ្វីទ្វីប​សឹង​ខ្លាច​ក្រែង ។

ទាំង​ទេវា​យក្ស​យង់​ទ្រង់​អំណាច

ឮ​តែ​នាម​ខ្លបខ្លាច​ស្ញោរ​ស្ញប់ស្ញែង

រអា​អស់​មិន​អាច​ចេញ​អង្គទែង

ព្រះ​អង្គ​ឯង​ពូជ​ពង្ស​វង្ស​ឥន្រ្ទា ។

កាល​ត្រូវ​សរ​ព្រហ្ម​មាស​រិទ្ធី​ក្រៃ

ទ្រង់​យក​ដៃ​ចាប់​ជាប់​ដោយ​ឫទ្ធា

មិន​ឲ្យ​មុត​មាន​ស្នាម​អង្គា

នឹង​ឲ្យ​ស្ញែង​នាមា​ទួទ្វីបា ។

ទុក​ជា​ច្បាប់​សំរាប់​រាល់​ទាហាន

ត្រិះ​ធ្យោក​ធ្យាន​ធ្វើ​តាម​ទៅ​មុខ​ណា

ព្រះ​ហស្ដ​ស្ដាំ​ទ្រង់​ក្ដាប់​ចាប់​សរ​ថ្លា

ព្រះ​ហត្ថា​ឆ្វេង​ក្សត្រ​ទ្រង់​បោយ​ហៅ ។

ទៅ​សុគ្រីព​សូរ្យវង្ស​ពង្ស​សុរិយា

នឹង​អង្គ​បុត្រា​រ័តន៍​ឆោម​ឆ្លៅ

ប្អូន​អើយ​ចូរ​មក​អាយ​បង​ប្រដៅ

ដ្បិត​អង្គ​ចៅ​នឹង​ជា​ខ្ញុំ​ចក្រី ។

ខំ​គ្រង​វង្ស​ឲ្យ​គង់​ជា​ច្បងច្បាស់

យក​តេជះ​ដំកល់​លើ​កេសី

បា​តាំង​ចិត្ត​សុចរិត​ស្និទ្ធ​ភ័ក្ដី

ជីវិត​វៃ​ថ្វាយ​ក្រោម​ព្រះ​បាទា ។

កាល​បាន​នឹង​ឡើង​គាល់​ដល់​ទ្វារ​វាំង

បា​ឈប់​តាំង​ប្រណម្យ​នា​កេសា

រំលឹក​គុណ​បុណ្យ​បាទ​ព្រះ​មូលិកា

សឹម​យាត្រា​កាន់​ផ្ទៃ​ព្រះ​រោង​ទ្រង់ ។

មួយ​កាល​គង់​ចាំ​គាល់​ក្នុង​និវេសន៍

កុំ​បា​ធ្វេស​ប្រហែស​ឲ្យ​លើស​លង់

ក្រែង​ជួន​ស្ដេច​ត្រាច់​ត្រង់​មក​យល់​យង់

រវាំង​អង្គ​អូន​ខ្លាច​ព្រះ​អាជ្ញា ។

ធ្វើ​ជា​ខ្ញុំ​សំគាល់​ដល់​ទី​ស្ថាន

ឲ្យ​បាន​តាម​ព្រះ​ទ័យ​ទ្រង់​ប្រាថ្នា

បើ​ត្រាស់​សួរ​មក​ចំ​សឹម​វាចា

គិត​ត្រិះ​ត្រា​ឲ្យ​ត្រូវ​ទំនង​ន័យ ។

ចូល​គាល់​កុំ​តែង​អង្គ​ឲ្យ​ពណ្ណរាយ

ហាក់​ពាយ​ងាយ​ផ្ទឹម​នឹង​អង្គ​ជៀស្ឋ​ជ័យ

កុំ​ទូល​ទាស់​ផ្ទញ់​ផ្ទាល់​នៃ​ព្រះ​ហ្ឫទ័យ

កុំ​សំឡឹង​នេត្រ​នៃ​ព្រះ​ច័ក្ករា ។

រី​ព្រះ​ចម​ចក្រ​ពង្ស​វង្ស​នារាយណ៍

ព្រះ​ប្រាជ្ញា​ឈ្វេង​ឆ្ងាយ​ដូច​រតនា

កុំ​បា​ឲ្យ​ហក់​ហួស​ជ្រួស​រាជការ

រិះ​ត្រិះត្រា​ឲ្យ​ត្រូវ​ចិត្ត​មហាជន ។

បើ​ណា​កាច​បា​ភ្លៃ​ធ្វើ​តាម​កាច

នរណា​ខ្លាច​ស្វែង​ផល​ឲ្យ​គិត​គន់

ជា​ជញ្ជីង​ជញ្ជឹង​ថ្លឹង​ចិត្ត​ជន

ខាង​ណា​ធ្ងន់​លន់​លុប​លា​លស់​លៃ ។

មួយ​ស្នេហ៍​ស្នំ​សម​ស័ក្តិ​អគ្គ​នារី

នេះ​ជា​ទី​ចំរើន​រីក​ហ្ឫទ័យ

កុំ​បា​បែរ​បាយ​បៀង​មៀង​មើល​វៃ

ព្រះ​ជៀស្ឋ​ជ័យ​ទត​យល់​ពីភាល់​បា ។

ទាំង​ទាសី​នៃ​អ្នក​អគ្គ​នារី

ទោះ​ឆវី​ល្អ​ស្មើ​កិន្នរ​ណា

កុំ​ប្អូន​ប្អូក​លូក​លលង​ស្នេហា

ប្រៀប​ចិន្ដា​ថា​ជា​ស្នំ​បវរ ។

របស់​អ្វី​ហ្ឫទ័យ​ទ្រង់​ស្ម័គ្រ​ស្មោះ

ថែ​របស់​នោះ​ទុក​តាម​ភូ​ធរ

បទ​ណា​ហាម​ប្រាម​ចិត្ត​កុំ​គិត​ល

បា​សាទរ​ទុក​តាម​ជា​ខ្ញុំ​វៃ ។

បើ​ទ្រង់​ប្រោស​កុំ​ធ្វើល​លើ​ខ្លាំង

រិះ​រវាំង​ក្រោយ​មុខ​ខ្លាច​ទុក្ខ​ភ័យ

កុំ​កាច​កោង​ប៉ោង​យ៉ៃ​ក្រៃ​ពេក​នៃ

កុំកួន​គៃ​កុំ​ក្រោធ​ត​បក្ស​ត្រា ។

បា​ថ្នម​យស​ឲ្យ​សម​ពហូ​ស័ក្តិ

កំហ៊ឹកហ៊ាក់​ឲ្យ​ហួស​ពី​វា​ស្នា

ស្លៀក​ប្រដាប់​ឲ្យ​សម​នឹង​កាយា

កុំ​យាត្រា​គន់​កាយ​ឆ្វេង​ស្ដាំ​ផ្សំ ។

មួយ​មាន​ភឿនភ័ក្តិ​ភុម​ខ្ញុំ​រាជការ

នឹង​ស្រឡាញ់​ជា​គ្នា​រើស​ឲ្យ​សម

បើ​គេ​ត្រង់​ៗ​ស្នង​សង​អារម្មណ៍

បើ​គេ​វៀច​ៗ​សម​ឲ្យ​សួន​ការ ។

បើ​បង់​សីល​រិះ​គិត​ថ្និតថ្នម​ស័ក្តិ

ទើប​ចាត់​ជាក់​ជា​ហ៊ាន​មាន​ចិត្ត​ក្លា

បើ​គប់​ពាល​គិត​លុប​បង់​ពាល​ណា

គិត​ប្រហារ​ពាល​កាច​ឲ្យ​ខ្លាច​ក្រែង ។

បើ​គេ​ល្អ​ស្មើ​ចិត្ត​កុំ​គិត​កាច

បើ​គេ​ខ្លាច​ឱន​យស​កុំ​កំហែង

កុំ​នាំ​ភឿន​ដើរ​លេង​ជា​អ្នក​ល្បែង

សង្ខេប​ចិត្ត​គិត​ក្រែង​ព្រះ​ចេស្ដា ។

មួយ​បើ​ត្រូវ​រាជ​ទ័ណ្ឌ​ដល់​ពាន់​ដង

កុំ​បា​ចង​គំនុំ​គុំ​ក្សត្រា

កុំ​ប្រែ​ចិត្ត​គិត​ក្បត់​ព្រះ​ចក្ករា

ខំ​ឧស្យាហ៍​ស្វែង​ផល​ប្រយោជន៍​ខ្លួន ។

បើ​ម៉ប​គាល់​នា​ឆ្ពោះ​ព្រះ​ភក្រ្តា

កុំ​ប្រែ​ក្រោយ​ចរចា​មិន​សម​សួន

នៅ​មុខ​ព្រះ​ទីនាំង​រវាំង​ខ្លួន

បា​គាល់​គួន​ចាំ​ស្ដាប់​រ៉ាប់​បញ្ជា ។

បើ​ទ្រង់​ព្រះ​ក្រោធ​នឹង​មុខ​មន្រ្តី

កុំ​ស៊យ​សែម​ថែម​ស្ដី​ឲ្យ​ក្រោធា

ទោះ​កិច្ចការ​សារពើ​សព្វ​នា​នា

កុំ​ពិត​ទូល​វេលា​ទ្រង់​ព្រះ​ខ្ញាល់ ។

មើល​ទំនង​ល្មម​ទូល​សឹម​ទូល​ពិត

បា​ពិនិត្យ​ក្នុង​ក្រៅ​គ្រប់​អម្បាល

យល់​ប្រីតា​ប្រិមប្រិយ​ប្រោស​ក្រសាល

មិន​ទ្រង់​ខ្ញាល់​សឹម​យក​សេចក្ដី​ថ្លែង ។

បើ​ត្រាស់​សួរ​ប៉ុន្មាន​ទូល​ប៉ុណ្ណោះ

ពាក្យ​ក្រៅ​នោះ​កុំ​យក​មក​ផ្លើស​ប្លែង

តែ​ស្ដី​ច្រើន​ជ្រួស​មាត់​ភ្លយ​ភ្លាត់​ឯង

ពាក្យ​ស្ដែង​គេ​មិន​ស្ដាប់​អាប់​អង្គ​បា

១​ទៀត​ព្រះ​ហរីរ័ក្ស​ចក្រ​ពេជ្រ

ប្រោស​ប្រទាន​បំណាច់​ពល​សេនា

ដែល​ប្រាកដ​ប្រកប​ឆប​រាជការ

កុំ​ឫស្យា​ទូល​ទាស់​អធ្យាស្រ័យ ។

របស់​អ្វី​ឈ្មោះ​ថា​ព្រះ​រាជ​ទ្រព្យ

បា​គ្នេរគ្នៃ​គៃ​រាប់​រិះ​សព្វ​ថ្ងៃ

ទោះ​តិច​តួច​ហោច​ស្ដួច​ជា​សរសៃ

យក​ចិត្ត​គិត​អាល័យ​ដូច​ផង​ខ្លួន ។

បើ​មាន​អ្នក​ប្រទេស​ដទៃ​មក

កុំ​បៀត​រក​យក​មិត្រ​ភ័ក្ដី​ស្ងួន

តែ​ជ្រាប​ដល់​នឹង​កើត​អម្ពល់​ខ្លួន

បា​គិត​អ្វី​ឲ្យ​មួន​កុំ​ឲ្យ​ហ្មង ។

មួយ​កាល​ចម​ចក្រពង្ស​ហរីរ័ក្ស

ស្ដេច​កាន់​ទី​ដំណាក់​ឆ្នួន​ផែ​ផង

សឹង​ព្រម​ដោយ​រាជ​រថ​ស្នំ​ស្នែហ៍​ស្នង

កុំ​ផ្អៀង​ផ្អង​ម៉ងមៀង​បៀង​បោយ​បែរ ។

ស្ថាន​ណា​ទ្រង់​ព្រះ​បញ្ញត្ត​ហាម

បា​ប្រាបប្រាម​ចិត្ត​ចាំ​តាម​ក្រសែ

កុំ​ភ្លើន​ភ្លេច​ឲ្យ​ភ្លាត់​បទ​បាទ​បែរ

បា​គិត​កែ​ឲ្យ​គង់​បណ្ដាំ​មុនី ។

វេលា​មាន​ទ័ព​ទាម​សង្រ្គាម​សឹក

កុំ​បា​ភ្លឹក​ឲ្យ​ភ្ញាក់​ផ្អើល​យោធី

ចូរ​គិត​គៃ​កែ​កុន​កល់​ភេរី

រក​ទិស​ទី​តាំង​តែង​ឲ្យ​សង៉ា ។

នឹង​ប្រព្រឹត្ត​គិត​ការ​សង្រ្គាម​ជ័យ

ឲ្យ​វាង​វៃ​វេះ​វាត់​ស្ទាត់​កល់​ការណ៍

យល់​ទ្រោម​ទ្រុឌ​មិន​ទ្រាំ​ឲ្យ​ចោម​ណា

បើ​គេ​គង់​ក្លៀវក្លា​បា​បោះ​ទល់ ។

បា​ថ្នម​ចិត្ត​ពល​ផង​ឲ្យ​ស្នេហា

នឹង​គិត​ការ​មើល​ហេតុ​សង្កេត​ផល

សព្ទ​ឧបាយ​ស្រាយ​ដោះ​ឲ្យ​ដឹង​ដល់

មាន​ការ​កល​គិត​កែ​ឲ្យ​អាច​ហាន ។

ទាំង​នេះ​ហើយ​តែ​ដោយ​ព្យាយាម​ពិត

កុំ​ខ្ជិល​គិត​ប្រើ​គេ​តាង​ភ្នែក​ប្រាណ

ជា​ចម​ទ័ព​រំងាប់​ចិត្ត​ក្រោធ​ថ្កាន

នឹង​ហ៊ាន​ខ្លាច​ក្លាហាន​ឲ្យ​ល្មម​ល្អ ។

កុំ​អួត​ចេះ​រិះ​រក​តែ​ទី​ងាយ

ទី​ណា​ធ្លាយ​យក​កាយបាតាំង​ត

ជា​ជាតិ​ប្រុស​ធ្វើ​ទ័ព​ទុក​នាមករ

ឲ្យ​ល្បីល្បាញ​ខ្ចាយខ្ចរ​ទួ​លោកា ។

ចូរ​មើល​បែប​យ៉ាង​បង​មាន​សច្ចំ

មិន​គិត​តាំង​ជីវិត​ប៉ុន​កេសា

មិន​គួរ​ស្ដាប់​គួរ​ស្ដាយ​ដួង​ជីវ៉ា

មិន​គួរ​សូន្យ​សង្ខារ​កុំ​អាល័យ ។

បង​ផ្ញើ​កែវ​តារា​យុផា​ភក្រ្ត១

ចូរ​រួម​រ័ក្ស​ស្ម័គ្រ​ស្មោះ​កុំ​អា​ថៃ

គ្រង​រក្សា​គ្នា​ទៅ​នៅ​ក្រុង​ក្រៃ

ទាំង​ក្របី​ស្រី​កំហែង​ហនុមាន ។

បា​ថែ​ទាំ​សង្គ្រោះ​សព្វ​សុរ្យវង្ស

នៅ​ពីរ​ពង្ស​អង្គ​ក្មួយ​ទាំង​ពីរ​ប្រាណ

ផ្ដាំ​ស្រេច​លេង​សរ​ព្រះ​អវតាណ២

សង្ខារ​ប្រាណ​បាន​ទៅ​កើត​សួគ៌ា ។

ទើប​បាន​នាម​ទេវា​ជា​ពាលី

ព្រោះ​មាន​ទី​សច្ចំ​ជា​សព្វ​គ្រា

នឹង​តេជះ​សរ​នារាយណ៍​ជួយ​នាំ​ពាហ៍

បាន​សោយ​សុខ​សួគ៌ា​សម្រាន្ត​ចិត្ត ។

សុភាសិត​ពាលី​ពី​បុរាណ

នោះ​ចំណាន​មែន​ហើយ​តែ​ប្រគិត

សាធុជន​ទញ់​ទាល់​នឹង​ពិនិត្យ

ទើប​គិត​កែ​គ្រាន់​ងាយ​ពិចារណា ។

ខ្ញុំ​ជា​ហ្មឺន​ឈ្មោះ​មាស​ឈ្លាស​ឈ្លៀត​គិត

ចង​លិខិត​ប្រឹត​ប្រែ​កែ​លិខា

ទុក​ជា​ច្បាប់​សម្រាប់​ខ្ញុំ​រាជការ

មិន​វិត្ថារ​ព្រោះ​ទើប​រើប​ហ្វឹកសន ។

នោះ​បើ​ខុស​បើ​ខាត​បាទ​បទ​ក្ដី

សូម​ប្រណី​ផ្លាស់​កែ​ប្រែ​សុន្ថន៣

ឲ្យ​តែ​ត្រូវ​តែ​ត្រង់​គណៈ​ក្លន

               ទុក​ជា​បន​ជា​បែប​បណ្ដាំ​អឺយ ។